សមាគមសហគ្រិនស្ត្រីកម្ពុជា បានរៀបចំទិវាសហគ្រិនស្ត្រីកម្ពុជាប្រចាំឆ្នាំ ២០២៣

សមាគមសហគ្រិនស្ត្រីកម្ពុជា បានរៀបចំទិវាសហគ្រិនស្ត្រីកម្ពុជាប្រចាំឆ្នាំ ២០២៣ 

សមាគមសហគ្រិនស្ត្រីកម្ពុជា បានរៀបចំទិវាសហគ្រិនស្ត្រីកម្ពុជាប្រចាំឆ្នាំ ២០២៣ “2023 Cambodia Women Entrepreneur’s Day” កាលពីថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកជំទាវ គ្រី ណាល់លីស រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និងលោក ជំទាវ សេរី បូរាពេជ្រ រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម។

ទិវាដ៏ធំអស្ចារ្យ មួយ នេះប្រព្រឹត្តិទៅក្នុងគោលបំណង ដើម្បីអបអរសាទរសហគ្រិនស្ត្រីទូទាំងប្រទេស ក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពី បណ្ដាសហគ្រិនស្ត្រីទូទាំងប្រទេសកម្ពុជា និង តំណាង សមាគមសហគ្រិនស្ត្រី ពី គ្រប់តំបន់។ នៅក្នុងទិវានេះ មានការដាក់តាំងបង្ហាញផលិតផលក្នុងស្រុក និងផលិតផលជាច្រើនមុខផ្សេងទៀត ជាពិសេសគឺមាន កិច្ចពិភាក្សាក្រោមប្រធានបទ “បញ្ហាប្រឈមរបស់សហគ្រិនក្នុងកាតព្ធកិច្ចពន្ធ និងទស្សនៈវិស័យនាពេលអនាគត” ពីវាគ្មិនជំនាញ និងមានបទពិសោធន៍ នៅក្នុងវិស័យនេះ។

សមាគមសហគ្រិនស្ត្រីកម្ពុជា (ស.ស.ស.ក.) កំពុងតែធ្វើការងារឆ្ពោះទៅមុខដើម្បីផ្ដល់ឱកាសដល់ប្រព័ន្ធអេកូឡូស៊ី (ecosystem) របស់សេដ្ឋកិច្ចស្ត្រីជាធុរជន និងធ្វើឲ្យរិតតែល្អប្រសើរឡើងនូវលទ្ធភាពជោគជ័យរបស់អាជីវកម្មនានាក្នុងសហគមន៍ តាមរយៈការបង្កើតវេទិកានានា គោលដៅ ដើម្បីអភិវឌ្ឍសកម្មភាពក្នុងភាពជាសហគ្រិន ក៏ដូចជាគាំទ្រដល់ការបង្កើតគោលនយោបាយអន្តរាគមន៍ដ៏រឹងមាំ តាមរយៈការដាក់ស្នើជូនទៅរដ្ឋាភិបាលនូវ “សៀវភៅស” ដែលសៀវភៅនេះ មានបើកបង្ហាញពីបញញ្ហាប្រឈមផ្សេងៗដែលសហគ្រិនស្ត្រីបានលើកឡើងដោយផ្ទាល់នៅក្នុងគ្រប់វេទិកាប្រជុំតុមូល របស់សមាគមសហគ្រិនស្រ្តីកម្ពុជា។

សមាគមសហគ្រិនស្ត្រីកម្ពុជា ជាអ្នកតំណាងសំឡេងសហគ្រិនស្ត្រីនៅក្នុងប្រទេសកម្ពុជា និងតែងតែដើរតួយ៉ាងសំខាន់នៅក្នុងការចូលរួមជាមួយរដ្ឋាភិបាលក្នុងការបង្កើតគោលនយោបាយរួម។ គួររំលឹកផងដែរថា សមាគមសហគ្រិនស្រ្តីកម្ពុជាត្រូវបានបង្កើតជាផ្លូវការ នៅឆ្នាំ២០១២ ដោយស្ថាបនិកជាស្រ្តីចំនួន១៥រូប ក្រោមគំនិតផ្តួចផ្តើមដោយ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី ក្រសួងកិច្ចការនារី, លោកស្រី លីលី សម្បត្តិ និងការចូលរួមគាំទ្រពីឯកឧត្តម សុក ស៊ីផាន់ណា និងធនាគារពិភពលោក។