សមាគមសហគ្រិនស្ត្រីកម្ពុជា ធ្វើការជួបសម្តែងការគួរសម និងអបអរសាទរ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី

ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣៖ សមាគមសហគ្រិនស្ត្រីកម្ពុជា ដែលមានលោកជំទាវ ឧកញ៉ា  មហាឧបាសិកាសាសនូបត្ថម្ភន៍ កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជាបានដឹកនាំក្រុមប្រឹក្សាភិបាល និងសមាជិក គណៈកម្មការនៃសមាគមសហគ្រិនស្ត្រីកម្ពុជាធ្វើការជួបសម្តែងកាគួរសម  និងអបអរសាទរ  លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារីក្នុងឱកាសដ៏ប្រសើរថ្លៃថ្លាដែលលោកជំទាវកិត្តិបណ្ឌិត ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជារដ្ឋមន្ត្រីក្រសួងកិច្ចការនារីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។

នៅក្នុងឱកាសជួបសម្តែងការគួរសមនេះលោកជំទាវប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជាបានជម្រាបពីបច្ចុប្បន្នភាពទាក់ទងនឹងសកម្មភាពដែលសមាគមបានអនុវត្តកន្លងមក និងបានពិភាក្សាស្នើរសុំមតិយោបល់ពីលោកជំទាវដើម្បីពង្រឹង និងលើកទឹកចិត្តសហគ្រិនស្រ្តីចំពោះបញ្ហាប្រឈមគោល ក្នុងនោះមានដូចជាការវេចខ្ចប់ផលិតផលនាំចេញឱ្យមានស្តង់ដា  និងការស្វែងរកដៃគូសហការដើម្បីពង្រីកទីផ្សារផ្គត់ផ្គង់ -ល-។

លោកជំទាវប្រធាន បានថ្លែងអំណរគុណដល់ លោកជំទាវកិត្តិបណ្ឌិត ដែលបានអនុញ្ញាត និងទទួលស្វាគមន៍គណៈប្រតិភូសមាគមសហគ្រិនស្រ្តីកម្ពុជាយ៉ាងកក់ក្តៅជាទីបំផុត។

នៅឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥ កម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះ និងប្រធានប្តូរវេន នៃបណ្តាញសហគ្រិនស្រ្តីអាស៊ាន (ASEAN Entrepreneur’ Network – AWEN) ដែលដឹកនាំសម្របសម្រួល ដោយបណ្តាញសហគ្រិនស្រ្តីកម្ពុជា (CamWEN)។

ក្រសួងកិច្ចការនារី សូមស្វាគមន៍ចំពោះកិច្ចសហការ និងបន្តគាំទ្រដល់ក្រុមការងារ និងបណ្តាញសហគ្រិនស្រ្តីកម្ពុជា ដើម្បីដឹកនាំធ្វើជាម្ចាស់ផ្ទះ និងប្រធាន AWEN ដោយជោគជ័យ និងទទួលបាន លទ្ធផលកាន់តែល្អប្រសើរសម្រាប់សហគមន៍អាស៊ានទាំងមូល ។

ជាទីបញ្ចប់នៃកិច្ចប្រជុំ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តីក្រសួងកិច្ចការនារី ដែលជាមាតារបស់សមាគមសហគ្រិនស្រ្តីកម្ពុជានឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតដើម្បីគាំទ្រដល់បណ្តាសហគ្រិនស្ត្រីទាំងអស់នៅក្នុងប្រទេស ។

ថ្នាក់ដឹកនាំ សមាជិកសមាជិកាក្រុមប្រឹក្សាភិបាល  បុគ្គលិកលេខាធិការដ្ឋាននៃសមាគមសហគ្រិនស្រ្តីកម្ពុជា សូមគោរពជូនពរ លោកជំទាវកិត្តិបណ្ឌិត សូមជួបតែសេចក្តីសុខ សេចក្តីចម្រើន  និងសូមបានប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍។