សហគមសហគ្រិនស្រ្តីកម្ពុជា បានរៀបចំកម្មវិធី វេទិកាសហគ្រិនស្រ្តីកម្ពុជា ក្រោមប្រធានបទ៖ ភាពខ្លាំងនៃសាមគ្គីភាពរបស់ស្ត្រី

វេទិកាសហគ្រិនស្រ្តីកម្ពុជា ២៥​ មករា ២០២៤

កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០២៤ សមាគមសហគ្រិនស្ត្រីកម្ពុជា បានរៀបចំវេទិកាសហគ្រិនស្ត្រីក្រោម ប្រធានបទ “ភាពខ្លាំងនៃសាមគ្គីភាពរបស់ស្ត្រី” នៅសណ្ឋាគារហ៊ីម៉ាវ៉ារី។ 

វេទិកាសហគ្រិនស្រ្តីកម្ពុជា រៀបចំឡើងក្រោមការឧបត្ថម្ភផ្តាច់មុខដោយ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។

វេទិកាដ៏ពិសេសមួយនេះប្រព្រឹត្តិទៅក្នុងគោលបំណង ដើម្បីពង្រឹងសាមគ្គីភាពរបស់សហគ្រិនស្ត្រីពីគ្រប់វិស័យ និងរួមចំណែកលើកកម្ពស់អាជីវកម្មរបស់ស្ដ្រីនៅកម្ពុជា។ 

នៅក្នុងវេទិកានេះ មានការដាក់តាំងបង្ហាញផលិតផលក្នុងស្រុក និងផលិតផលជាច្រើនមុខផ្សេងទៀត ជាពិសេសគឺមាន កិច្ចពិភាក្សាក្រោមប្រធានបទ “ភាពខ្លាំងនៃសាមគ្គីភាពរបស់ស្ត្រី” ពីវាគ្មិនកិត្តិយសមានដូចជា អ្នកឧកញ្ញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី លោកស្រី ហង់ជួន ណារីតា  លោកជំទាវ ថុង ណាត់ស្យា  និងសម្របសម្រួលពិភាក្សាដោយ កញ្ញា ស៊ុន ស៊ីហនិតនោវី។

លោកជំទាវ ឧកញ៉ា  កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា បានលើកបង្ហាញពីភាពខ្លាំងរបស់ស្ត្រីក្នុងភាពជាអ្នកដឹកនាំទាំងក្នុងសង្គម និងគ្រួសារ។ ជាពិសេសនោះក្នុងបរិបទកូវីដ និងវិបត្តិសេដ្ឋកិច្ច បានធ្វើឲ្យអាជីវកម្មជាច្រើនរងផលប៉ះពាល់ និងជួបហានិភ័យខ្ពស់ ធ្វើឱ្យអាជីវកម្មមួយចំនួនពិបាកស្តារឡើងវិញ។ បច្ចុប្បន្នសមាគមសហគ្រិនស្រ្តីកម្ពុជា បានមើលឃើញពីភាពខ្វះខាតរបស់អាជីវកម្មរបស់សហគ្រិនស្រ្តី ដែលមិនទាន់ចេះធ្វើទីផ្សារក្នុងការចែកចាយផលិតផលរបស់ខ្លួនលើទីផ្សារជាតិ និងអន្តរជាតិ។ ដូច្នេះសមាគមសហគ្រិនស្រ្តីកម្ពុជានឹងកំពុងបន្តចក្ខុវិស័យទៅលើការប្រមូលផលិតផលទាំងនោះដាក់លក់មួយកន្លែង ព្រមទាំងនាំចេញចែកចាយទៅលើទីផ្សារអន្តរជាតិផងដែរ។

សមាគមសហគ្រិនស្ត្រីកម្ពុជា ជាអ្នកតំណាងសំឡេងសហគ្រិនស្ត្រីនៅក្នុងប្រទេសកម្ពុជា និងតែងតែដើរតួយ៉ាងសំខាន់នៅក្នុងវិភាគទានជាមួយរដ្ឋាភិបាលក្នុងការបង្កើតគោលនយោបាយរួម។  គួររំលឹកផងដែរថា សមាគមសហគ្រិនស្រ្តីកម្ពុជាត្រូវបានបង្កើតជាផ្លូវការ នៅឆ្នាំ២០១១ ដោយមានការផ្តួចផ្តើម ដោយលោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី ក្រសួងកិច្ចការនារី និងការចូលរួមគាំទ្រពីឯកឧត្តម សុក ស៊ីផាន់ណា និងលោកស្រី លីលី សម្បត្តិ។